LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

17/11/2022

ប៉េអឹមខេត្ដតាកែវ កោះហៅតំណាងសហជីពប្រចាំរោងចក្រ ស៊ូព្រីមៀ ធូ ឲ្យចូលបំភ្លឺ

ភ្នំពេញ៖ តំណាងថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំរោងចក្រស្បែកជើង ស៊ូព្រីមៀ ធូ ខេមបូឌា ខូអិលធីឌី ត្រូវបានប៉េអឹមខេត្ដតាកែវ កោះហៅឲ្យចូលបំភ្លឺ គ្រាន់តែចូលរួមវគ្គបណ្ដុះបណ្ដាល ជាមួយអង្គការដៃគូ ដើម្បីបង្កើនចំណេះដឹង និងអនុលោមតាមក្របខណ្ឌច្បាប់ស្ដីពីការងារតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការកោះហៅឲ្យចូលខ្លួនបំភ្លឺទាំងគ្មានមូលដ្ឋានខាងលើនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានចាត់ទុកទង្វើខាងលើនេះថា “នេះជាការគំរាមកំហែងផ្នែកស្មារតី និងការបំភិតបំភ័យយ៉ាងធ្ងន់ធ្ងរ” ពីព្រោះថា ពួកគាត់ជាតំណាងសហជីព ដែស្របច្បាប់ទទួលស្គាល់ដោយក្រសួងការងារ ច្បាប់សហជីពផ្អែកលើអនុសញ្ញាអន្តរជាតិ ILO (87, 98) ហើយអង្គការវិជ្ជាជីវៈ គឺមានការផ្សារភ្ជាប់ស្របទៅនឹងលក្ខន្ដិកៈ ភ្ជាប់ទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល សហជីពជាតិ និងអន្ដរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់។

លោកបន្ដថា “គោលបំណងរបស់យើង គឺបណ្ដុះបណ្ដាលតំណាងសហជីព កម្មជន សមាជិកសហជីព ដើម្បីឲ្យពួកគាត់មានការយល់ដឹងពីច្បាប់ស្ដីពីការងារ និងប្រធានបទផ្សេងទៀត ទាក់ទងទៅនឹងការការពារសិទ្ធរបស់ពួកគាត់ ដូច្នេះអ្វីដែលពួកគាត់ទទួលបានពីកម្មវិធីបណ្ដុះបណ្ដាលរបស់ពួកយើងតាមរយៈអង្គការដៃគូ គឺជារឿងមួយស្របទៅតាមលក្ខន្ដិកៈសហជីព និងស្របទៅតាមច្បាប់របស់កម្ពុជា”។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា “សកម្មភាពរបស់កងរាជអាវុធហត្ថខេត្ដតាកែវ ក្នុងការកោះហៅពួកគាត់ឲ្យចូលបំភ្លឺខាងលើនេះ គឺជាទង្វើ និងសកម្មភាពមួយ បង្ហាញពីកំរាមកំហែង និងបំភិតបំភ័យដល់តំណាងសហជីពរបស់យើង ដែលគ្រាន់តែទៅចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង ប្រយោជន៍យកទៅប្រើប្រាស់ក្នុងការការពារសិទ្ធិ និងដោះស្រាយវិវាទជាមួយភាគីនិយោជកនោះឡើយ”.

ទាក់ទងទៅនឹងសកម្មភាពគំរាមកំហែងទៅលើថ្នាក់ដឹកនាំសហជីពនេះដែរ លោក ប៉ាវ ស៊ីណា បានស្នើឡើងថា “ ខ្ញុំសូមលោកអភិបាលខេត្ដ ពិនិត្យតាមដានមើលរាល់ការអនុវត្ដមិនត្រឹមត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច និងបញ្ឈប់នូវរាល់ចេតនាបំភិតបំភ័យផ្លូវអារម្មណ៍ដល់ថ្នាក់ដឹកនាំសហជីពចលនាកម្មករ ដែលជាអង្គការវិជ្ជាជីវៈតំណាងរបស់បងប្អូនកម្មករនិយោជិត ក្នុងការធ្វើជាដៃសហការជាមួយភាគីនិយោជក ដើម្បីលើកកម្ពស់លក្ខណ្ឌការងារ សម្រាប់កម្មករនិយោជិតក្នុងមូលដ្ឋាន ហើយយើងមិនដែលចាត់ទុកនិយោជកជាគូសត្រូវនោះឡើយ”៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram