LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

26/06/2024

ការផ្លាស់ប្ដូររថយន្ដដឹកកម្មករឲ្យស្របតាមស្ដង់ដារបច្ចេកទេស និងផាសុខភាព ជាផ្នែកមួយជួយកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ

ភ្នំពេញ៖ រថយន្ដដឹកកម្មករជាប្រភេទរថយន្ដដឹកទំនិញ ត្រូវបានប្រើប្រាស់សម្រាប់ដឹកកម្មករនិយោជិតទៅបំពេញការងារស្ទើតែទាំងស្រុង ហើយគេសង្កេតឃើញថា នៅពេលដែលមានគ្រោះថ្នាក់កើតឡើង កម្មករប្រឈមនឹងការរងគ្រោះថ្នាក់ធ្ងន់ និងមានចំនួនអ្នករងរបួសច្រើនលើសពីការរំពឹងទុក ហើយការផ្លាស់ប្ដូររថយន្ដដឹកកម្មករពីរថយន្ដដឹកទំនិញ ទៅជារថយន្ដដឹកអ្នកដំណើរ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់របស់កម្មករបានមួយផ្នែកធំ។

ជាក់ស្ដែងកាលនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកកម្មករ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលមានកម្មករធ្វើដំណើរលើរថយន្ដសរុបប្រមាណជា ៦០នាក់ ហើយបណ្ដាលឲ្យកម្មករកម្មការិនីជិត ៥០នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ត្រង់ចំណុចភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កម្មករកម្មការិនីនៅលើរថយន្ដមួយចំនួនបម្រើការងារនៅរោងចក្រស៊ូភៀល សាប្រ៊ីណា វាយសេវិន១ និង២ ហើយបច្ចុប្បន្នកម្មករកម្មការិនីរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ ដើម្បីសម្រាកព្យាបាល។

រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បាននិងកំពុងជំរុញការផ្លាស់ប្ដូររថយន្ដដឹកកម្មករនិយោជិត ឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុខភាព ដែលធ្វើយ៉ាងណាឲ្យសម្រេចបានលទ្ធផលល្អប្រសើរនៅត្រឹមឆ្នាំ២០២៧។

ពាក់ព័ន្ធនឹងការផ្លាស់ប្ដូររថយន្ដដឹកកម្មករនេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថា "ចំពោះខ្ញុំ វាជារឿងដែលយើងជាសហជីពតំណាងអោយសមាជិក សមាជិកា និងកម្មករនិយោជិត ស្នើទៅក្រសួងការងារនិងរាជរដ្ឋាភិបាលយូរដែរមកហើយ ដូច្នេះ ចំពោះការជម្រុញអោយមានផ្លាស់ប្តូរប្រភេទរថយន្តដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ វិញនោះ វាជារឿងដែលល្អបំផុត ព្រោះវាជួយអោយការធ្វើដំណើររបស់កម្មករនិយោជិតមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរ ទៅមក បង្កើនផលិតភាព ចំណេញដល់សេដ្ឋកិច្ខ ទាំងគ្រួសារកម្មករនិងជាតិ ជាពិសេស ចំពោះបញ្ហានេះ វាក៏ស្ថិតនៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះផងដែរ"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram