LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

27/03/2024

លោក ប៉ាវ ស៊ីណា៖ ករណីគំរាមប្ដឹងមន្រ្តីសហជីព ជាចេតនាបំបាក់ស្មារតី ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ករណីអនុប្រធានមន្រ្តីការងារខេត្ដកំពង់ស្ពឺលោក ផាត សុង គំរាមប្ដឹងមន្រ្តីសហជីព ពិតជាគ្មានផលចំណេញ ហើយផ្ទុយទៅវិញវាបង្ហាញពីចេតនាបំបាក់ស្មារតីសហជីពក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។

លោក បានលើកឡើងថា "ចំពោះខ្ញុំ ការលើកឡើងរបស់មន្ទីរការងារ ដែលមានគម្រោងប្ដឹងក្រុមការងារយើង ខ្ញុំគិតថាវាមិនមានផលចំណេញអ្វីទេ ប៉ុន្ដែវាជាចេតនាមួយនៅក្នុងការបំបាក់ស្មារតីភាគីសហជីពនៅក្នុងការការពារផលប្រយោជន៍របស់បងប្អូនកម្មករទៅវិញទេ"។

លោក ប៉ាវ ស៊ីណា ចង់ឃើញដំណោះស្រាយមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង ដូចទៅនឹងករណីរោងចក្រ Y&W ដូច្នោះដែរ ដែលក្រសួងការងារ បានខិតខំយកចិត្ដទុកដាក់ក្នុងការដោះស្រាយ ហើយករណីរោងចក្រកាបូប MA Handbag ខាងលើនេះ បានបន្សល់ទុកនូវចម្ងល់ ដែលរោងចក្របានបញ្ចប់កិច្ចសន្យាការងារ រួចដឹកឥវ៉ាន់ចេញពីរោងចក្រ ទាំងដែលមិនទាន់ទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗចូនកម្មករនៅឡើយ។

លោកបន្ដថា ករណីថៅកែរោងចក្រ MA Handbag រត់ចោលកម្មករ នៅមិនទាន់ដំណឹងអំពីការដោះស្រាយយ៉ាងណាផង ស្រាប់តែមានមនុស្សមួយក្រុមរង់ចាំរៀបចំបើកប្រាក់ឈ្នួលឲ្យកម្មករទៅវិញ វាជារឿងមួយចម្លែក ដែលធ្វើឲ្យកម្មករមិនសប្បាយចិត្ដក្នុងការទទួលយកនូវសំណងរបស់ភាគីក្រុមហ៊ុន។

លោកបានបញ្ជាក់ថា "កម្មករមកប្ដឹងពួកយើង ពួកយើងគ្រាន់តែចូលរួមនៅក្នុងការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ មិនមែនជាញុះញង់ បង្កការអុកឡុក ដូចអ្វីដែលខាងមន្ទីរការងារបានចោទប្រកាន់នោះទេ"។

ត្រង់ចំណុចនេះលោក ប៉ាវ ស៊ីណា បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការងារ ពិនិត្យមើលទៅលើទិដ្ឋភាពរោងចក្រមួយនេះ ជាជាងការចោទប្រកាន់មកលើភាគីសហជីព ដែលថាជាអ្នកបង្កភាពរញេររញ៉ៃ ឬជាអ្នកអុកឡុកជាដើម។

លោកបានបញ្ជាក់បន្ថែមថា វាខុសស្រឡះពីអ្វីដែលខាងមន្ទីរការងារចោទប្រកាន់ ដោយសារខាងភាគីសហជីព ទទួលបាននូវការរាយការណ៍ និងពាក្យបណ្ដឹងពីកម្មករ ដើម្បីសុំឲ្យជួយសម្របសម្រួល ដោះស្រាយ និងអន្ដរាគមន៍ ដែលខុសស្រឡះពីការចោទប្រកាន់។

លោកបានសង្កត់ធ្ងន់ថា ករណីរោងចក្រកាបូប MA Handbag និងរោងចក្រ Y&W បានភាពខុសគ្នាឆ្ងាយ ដែលរោងចក្រកាបូប MA Handbag មានមនុស្សមួយក្រុមរង់ចាំបើកប្រាក់ឈ្នួលឲ្យកម្មករ ខណៈដែលថៅកែរោងចក្ររត់បាត់ទៅហើយនោះ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram