LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

13/03/2024

លោក ប៉ាវ ស៊ីណា ស្នើរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិការដ្ឋឲ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហារបស់កម្មករនៅរោងចក្រ Y&W

ភ្នំពេញ៖ ករណីថៅកែរោងចក្រ វ៉ាយ &ដាប់បែលយូ ហ្គាមិន រត់ចោលកម្មករ ដោយមិនបានបំពេញកាតព្វកិច្ចទូទាត់សំណងជូនកម្មករនិយោជិត ដោយបន្សល់ទុកនូវទ្រព្យសម្បត្ដិមួយចំនួននៅក្នុងរោងចក្រ ដើម្បីលក់លៃឡុង ជាសំណងដល់កម្មករ លោក ប៉ាវ ស៊ីណា ប្រធានាម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា ការលក់ឡៃឡុងទ្រព្យសម្បត្ដិរបស់រោងចក្រ មិនអាចទូទាត់សំណងដល់កម្មករ ឲ្យបានសមរម្យ និងស្របទៅតាមច្បាប់បាននោះទេ ដោយលោក បានស្នើទៅកាន់ប្រមុខរដ្ឋាភិបាល ឲ្យបញ្ចេញកញ្ចប់ថវិការដ្ឋ ដើម្បីដោះស្រាយបញ្ចប់បញ្ហារបស់កម្មករ។

ការលើកឡើងរបស់លោកធ្វើឡើងក្រោយពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែមីនា ម្សិលមិញនេះបានចេញវិធានការ ៦ចំណុច ដើម្បីដោះស្រាយបញ្ហានៅរោងចក្រ Y&W ហើយវិធានទី២ ដែលទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗដែលនៅទីតាំងរោងចក្រនឹងត្រូវរក្សាទុក សម្រាប់ទូទាត់ជូនបងប្អូន កម្មករនិយោជិត គឺមិនអាចយកទៅទូទាត់ជូនកម្មករឲ្យបានសមរម្យ ស្របទៅតាមច្បាប់បាននោះទេ។

ករណីថៅកែរោងចក្រ Y&W រត់ចោលកម្មករដោយមិនបំពេញកាតព្វកិច្ចទទួលខុសត្រូវខាងលើនេះ លោក ប៉ាវ ស៊ីណា បានលើកឡើងថា " យើងមិនអាចយកលុយពីការលក់សម្ភារៈលៃឡុង យកទៅទូទាត់អត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់បាននោះទេ ហើយវិធានការចាំបាច់បំផុតក្នុងពេលនេះ គឺរដ្ឋាភិបាល ត្រូវប្រើថវិការដ្ឋ ដើម្បីដោះស្រាយបញ្ហាជូនកម្មករនិយោជិត"។

ពាក់ព័ន្ធនឹងវិធានការទី៤ ដែលក្រសួងការងារបានបញ្ជាក់ថា អាជ្ញាធរដែនដី ក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុនវ៉ាយ &ដាប់បែលយូ ហ្គាមិន លោក ប៉ាវ ស៊ីណា បានលើកឡើងជាមតិថា វានឹងមានការលំបាក ដោយសារតែម្ចាស់ផ្ទះជួល ក៏មានកាតព្វកិច្ចរបស់ដូចគ្នាដែរ ដូចជាការបង់បំណុលធនាគារជាដើម។

នៅក្នុងនោះដែរលោក ក៏បានសម្ដែងការគាំទ្រចំពោះវិធានការទី៦ របស់ក្រសួងការងារ ស្ដីពីបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ចូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេសកំណើតរបស់ថៅកែរោងចក្រ ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា។

លោកថា "វាជារឿងមួយល្អបំផុត និងជារឿងមួយថ្មីសម្រាប់កម្ពុជា ប៉ុន្ដែប្រសិនបើធ្វើបានដូចនេះមែន វានឹងជាឧបសគ្គសម្រាប់កម្ពុជា ចំពោះថៅកែផ្សេងៗ ដែលមានគំនិតចង់វិនិយោគនៅកម្ពុជា ដែលធ្វើឲ្យពួកគេមានភាពភ័យក្លាច"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram