LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

16/01/2024

កម្មវិធីការងារសមរម្យ ពិតជាមានសារៈសំខាន់ ដែលចាំបាច់ត្រូវផ្ដល់ជូន សម្រាប់ទាំងអស់គ្នា

ភ្នំពេញ៖ កម្មវិធីការងារសមរម្យ សម្រាប់ជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករនិយោជិត ត្រូវបានគេមើលឃើញថា ពិតជាមានសារៈសំខាន់ និងជាគោលដៅអាទិភាព ដែលមិនអាចខ្វះបាន ប៉ុន្ដែវានៅតែជាចម្ងល់ថាតើសរសរស្ដម្ភទាំង៤ នៃកម្មការងារសមរម្យ ត្រូវបានផ្ដល់ជូនសម្រាប់ទាំងអស់គ្នាហើយឬនៅ?

បើតាមការលើកឡើងរបស់អតីតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលរហូតមកដល់ពេលនេះបានចំនួន៥ ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣ ដែលគោលដៅអាទិភាពសំខាន់ៗទាំង ៣ សម្រេចបានលទ្ធផលគួរជាទីមោទន:។

ក្នុងនោះគោលដៅអាទិភាពទី១ គឺជាការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស ដោយស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

គោលដៅអាទិភាពទី២ គឺការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម ដោយស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកប ដោយចីរភាព តម្លាភាព និងសមធម៌។

គោលដៅអាទិភាពទី៣ គឺជាការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ដោយសំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំង សម្រាប់ពលករទេសន្តរប្រវេសន៍។ គោលដៅអាទិភាពទាំង៣ នេះពិតជាមានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាកម្មករនិយោជិត។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា មើលឃើញថា សរសរស្ដម្ភទាំង៤ នៃកម្មវិធីការងារសមរម្យ មួយចំនួនត្រូវបានដកចេញ ឬមិនបានអនុវត្ដពេញលេញ ដូចជាសិទ្ធិការងារជាដើម ដោយលោកសង្កេតឃើញថា កម្មករនិយោជិត ត្រូវបានរឹតត្បិតសិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពសហជីព ឬការបង្កើតសហជីពនៅថ្នាក់មូលដ្ឋានជាដើម។

លោកបន្ដថា កិច្ចសន្ទនាសង្គម ដែលត្រូវបានគេមើលឃើញថា ជាយន្ដការដ៏សំខាន់មួយ និងជាកោលដៅអាទិភាព សម្រាប់ដោះស្រាយវិវាទរបស់កម្មករនិយោជិត នៅមានការខ្វះចន្លោះនៅឡើយ ដោយសារតែសំឡេងរបស់ភាគីសហជីព នៅតែត្រូវបានគេមើលរំលង។

បើទោះជាគោលដៅអាទិភាពទាំង៣ ខាងលើនេះបានសម្រេចរួចរាល់ហើយក្ដី ប៉ុន្ដែវានៅតែមានភាពចាំបាច់ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារក្នុងការបន្ដពិនិត្យមើលនូវភាពខ្វះចន្លោះ ការអនុវត្ដមិនបានពេញលេញ ឬការមិនទទួលបានសម្រាប់បុគ្គលងាយរងគ្រោះ ឬអ្នកដែលមិនទទួលបាននូវលក្ខខណ្ឌខាងលើនេះ។

ប្រសិនបើលក្ខខណ្ឌការងារសមរម្យត្រូវបានអនុវត្ដដោយជោគជ័យមែននោះ វាពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា និងបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក បងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram