LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

16/12/2023

លោក ប៉ាវ ស៊ីណា អរគុណដល់បណ្ដាអង្គការដៃគូដែលបានសហការ និងជ្រោមជ្រែងស្ថាប័ន CUMW រហូតមក

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មឆ្នាំ២០២៤ បានសម្ដែងនូវក្ដីរីករាយ ដែលស្ថាប័នដៃគូផ្ដល់កិត្តិយសមកចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា សម្ព័ន្ធសហជីពចលនាកម្មករ បានខិតខំប្រឹងប្រែងមែនទែន តាំងពីឆ្នាំ២០១០មក ដែលស្ថាប័ននេះមានអាយុកាលជាង១០ឆ្នាំមកហើយ។ លោកថា អ្វីដែលចងចាំបំផុត គឺអង្គការ SC ដែលបានជួយជ្រោមជ្រែងយ៉ាងសកម្ម តាំងពីដើមក រហូតដល់មានថ្ងៃនេះ។

លោកបន្ដថា ក្រៅពីអង្គការ SC ក៏នៅមានអង្គការដៃគូផ្សេងៗ ដែលតែងតែរួមចំណែកក្នុងការជួយ សសចក តាមរយៈការដោះស្រាយនូវបណ្ដឹងផ្សេងៗ ទាំងស្ថាប័នក្នុងស្រុក និងក្រៅស្រុក។

លោកថា ក្រៅពីការដោះស្រាយវិវាទការងាររួម យើងក៏បានដោះស្រាយវិវាទការបុគ្គលជាច្រើនករណីផងដែរ មិនថាកម្មករនោះជាសមាជិក ឬមិនមែនជាសមាជិកក៏ដោយ។

លោកបានលើកឡើងថា "យើងត្រូវធ្វើជាសហជីពដែលសកម្ម មិនមែនធ្វើឲ្យមានតែឈ្មោះនោះទេ ហើយបញ្ហា ឬកង្វល់របស់កម្មករនិយោជិត មិនត្រូវបានលាក់បាំងនោះទេ គឺតែងតែបង្ហាញទៅកាន់ទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និង អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈរូបភាពផ្សេងៗ ហើយបើយើងចេះពង្រីកខ្លួនឲ្យកាន់តែខ្លាំង នោះឥទ្ធិពលសហជីព នឹងកាន់តែខ្លាំងទៅតាមនោះដែរ"។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការគាំទ្ររបស់អង្គការដៃគូ ក៏ដូចជាម្ចាស់ប្រ៊ែនដ៍នៅក្រៅប្រទេសនោះទេ សម្ព័ន្ធសហជីពចលនាកម្មករ គឺពិតជាពិបាកធ្វើការណាស់ក្នុងការដោះស្រាយបញ្ហជូនបងប្អូនកម្មករ។

ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន សកម្មជន សមាជិក សមាជិការបស់សម្ព័ន្ធសហជីពចលនាកម្មករទាំងអស់ ទទួលបាននូវវគ្គបណ្ដុះបណ្ដាលជាច្រើន មិនថាជារឿងសុវត្ថិភាពចរាចរណ៍ ការចងក្រង ការដោះស្រាយវិវាទ ការបៀតបៀន ការប្រើអំពើហិង្សានៅកន្លែងការងារ ជាដើម ក្នុងន័យនេះលោក បានផ្ដាំផ្ញើថា "បងប្អូនយើងត្រូវយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ ជាពិសេសគឺចំណេះដឹងដែលទាក់ទងនឹងការចងក្រង ដើម្បីពង្រីកឥទ្ធិផលសហជីពឲ្យកាន់តែខ្លាំង"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2026 Collective Union of Movement of Workers. CUMW.
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram