LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

10/12/2023

សង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល ដោះស្រាយកង្វល់ជាអាទិភាព ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល និងស្ថាប័នសហជីព នឹង កម្មករកម្មការិនី ប្រជាពលរដ្ឋ កសិករ អ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ២០០០នាក់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះបានចូលរួមប្រារព្ធ និង អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៥ ក្នុងទីក្រុងភ្នំពេញ។

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

លោក ថេង សាវឿន ប្រធាន សមាគម សម្ព័ន្ធ សហគមន៍ កសិករ កម្ពុជា (CCFC) នៅក្នុងឱកាសថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សលើកទី៧៥ បានស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ ក្រុមប្រឹក្សាជាតិកិច្ចការជាតិគាំពារសង្គម ធ្វើយ៉ាងរៀបចំដាក់បញ្ចូល កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ អ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យទទួលបានប្រព័ន្ធគាំពារសង្គម ប្រព័ន្ធជំនួយសង្គមកុំឲ្យមានការរើសអើង និងទទួលបានការគាំពារសុខភាព ទៅតាមគោលនយោបាយនៃប្រព័ន្ធគាំពារសង្គម។

លោក ថេង សាវឿន ក៏បានស្នើដល់រដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ធ្វើយ៉ាងណារៀបចំប្រព័ន្ធធារាសាស្រ្ត និងស្វែងរកទីផ្សារ និងសេរីភាពក្នុងការជួបប្រជុំ ដើម្បីបញ្ចេញមតិយោបល់នៅក្នុងសមាគមថ្នាក់ជាតិ ដែលបង្កើតឡើងដោយកសិករ ដោយពុំមានការរារាំង និងការរើសអើង។

នៅក្នុងនោះដែរលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានលើកឡើងថា ក្នុងថ្ងៃនេះដែរ មិនមែនតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គ្រប់បណ្ដាប្រទេសលើពិភពលោក ដែលបានរៀបចំទិវាសិទ្ធិម នុស្សអន្ដរជាតិ ១០ធ្នូ ក្នុងគោលបំណងរំលឹកនូវការឈឺចាប់ ភាពអយុត្ដិធម៌ និងការរំលោភសិទ្ធិ។

លោកបានបន្ដថា "ឱកាសនេះ គឺជាឱកាសរបស់ប្រជាពលរដ្ឋក្នុងការបង្ហាញនូវកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា ដែលកំពុងតែកើតមានឡើងនៅក្នុងវិស័យដែលយើងកំពុងតែធ្វើ ជាក់ស្ដែងវិស័យកសិកម្ម ប្រជាពលរដ្ឋជាច្រើន បាននិងកំពុងជួបបញ្ហាដីធ្លី ក៏ដូចបញ្ហាទីផ្សារកសិកម្ម"។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា "នាមខ្ញុំជាស្ថាប័នសហជីព ដែលកំពុងធ្វើការក្នុងវិស័យការងារ ក៏ជួបបញ្ហាប្រឈមមិនខុសពីប្រជាកសិករនោះដែរ យើងស្ថិតនៅក្នុងស្ថានភាពមួយមានច្បាប់គាំទ្រ និងមានការទទួលស្គាល់នូវអនុសញ្ញាអន្ដរជាតិរបស់អង្គការពលកម្មអន្ដរជាតិ (ILO) ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័ន ធានាដល់សិទ្ធិកម្មករនិយោជិត ក្នុងការបង្កើតសហជីព ក្នុងការចរចាជាសមោហៈភាព យើងមានរដ្ឋធម្មនុញ្ញ ដែលធានាដល់សិទ្ធិប្រជាពលរដ្ឋ ពួកគេមានសិទ្ធិក្នុងការបង្កើតសហជីព សិទ្ធិក្នុងការចូលរួមក្នុងចលលាសហជីព សកម្មភាពនយោបាយ វប្បធម៌ សេដ្ឋកិច្ច សិទ្ធិនៅក្នុងការចូលរួមបង្កើតសមាគម មានច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងចលនាសហជីព ក្នុងគោលបំណងទាមទារការលើកកម្ពស់លក្ខខណ្ឌការងារ ការលើកកម្ពស់ជីវភាព តាមរយៈការដំឡើងប្រាក់ឈ្នួល"។

លោកបន្ថែម "អ្វីដែលយើងកំពុងជួបប្រទះ គឺសិទ្ធិសេរីភាពរបស់បងប្អូននៅថ្នាក់មូលដ្ឋាន នៅពេលដែលពួកគាត់ចងក្រងបង្កើតសហជីព ពួកគាត់ត្រូវបានក្រុមនិយោជកបញ្ឈប់ពីការងារ ឬបញ្ចប់កិច្ចសន្យាការងារ ដោយយកលេសនៃការបង្កើតសហជីព"។

លោកបន្ថែមទៀតថា ទាំងអស់នេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទង្វើរបស់ភាគីនិយោជក បាននិងកំពុងអនុវត្ដប្រាស់ចាកពីច្បាប់ជាធរមានរបស់កម្ពុជា ជាងនេះការប្រើប្រាស់ប្រភេទនៃកុងត្រាការងាររយៈពេលខ្លី កំពុងរីកសាយ ដែលធ្វើឲ្យកម្មករមានការព្រួយបារម្ភ ការភ័យខ្លាច ដោយសារតែកុងត្រាខ្លីនេះ ធ្វើឲ្យកម្មករ បំពេញការងារដោយគ្មានសន្ដិភាពផ្លូវចិត្ដ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram