LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

24/11/2023

រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ចំពោះកិច្ចសហការជាមួយសហជីព ក្នុងការលើកកម្ពស់វិស័យការងារ កាន់តែប្រសើរ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងលើកទឹក ចិត្ត ដល់សហជីពទាំងអស់នៅកម្ពុជា ប្រើយន្តការពិភាក្សា និងសហការគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុង គោលដៅ ធ្វើយ៉ាងណាឱ្យវិស័យការងារកាន់តែមានភាពល្អប្រសើរ។

ការលើកឡើងនេះ ធ្វើឡើងគឺក្នុងឱកាសដែល លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ជាមួយ លោក ហេង សួរ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នៅក្នុងកិច្ចពិភាក្សាការងារនេះ លោក ហេង សួរ និងលោកស្រី យ៉ាង សុភ័ណ្ឌ បានផ្តោតជាសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការការងារ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ រួមទាំងជម្រុញក្របខណ្ឌគោលនយោបាយជាតិ សម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតនាថ្ងៃអនាគត។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីការអនុវត្តកម្មវិធីរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះឈ្មោះ និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីពួកគាត់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈដែរ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងនាមជា សេនាធិការ របស់រាជរដ្ឋាភិបាល ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយ ភាគីសហជីព ដើម្បីស្វែងរកដំណោះស្រាយ និងសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram