ភ្នំពេញ៖ សិក្ខាសាលាបញ្ចប់គម្រោង បង្កើតដោយស្រ្តី ស្ដីពីការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ នៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ DARA Hotel រាជធានីភ្នំពេញ ដើម្បីបង្ហាញឲ្យឃើញនូវភាពជោគជ័យនៃការអនុត្ដគម្រោងនាពេលកន្លងមករវាងអង្គការឃែរកម្ពុជា និងសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ក្រោមការឧបត្ថម្ភពីម្ចាស់ម៉ាក Lululemon។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរនូវសមិទ្ធផលរបស់គម្រោងក្នុងការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច ចែករំលែកការរកឃើញរបស់គម្រោង មេរៀនដែលបានរៀនសូត្រ និងការអនុវត្ដផ្សេងៗ ក៏ដូចជាដើម្បីប្រមូលធាតុចូលសំខាន់ពីភាគីពាក់ព័ន្ធ សម្រាប់កិច្ចសហការប្រកបដោយនិរន្ដរភាព។
សម្រាប់ការអនុវត្ដគម្រោងរយៈពេល ១ឆ្នាំ ប្រធានអនុវត្ដគម្រោងនៃសម្ព័ន្ធសហជីពចលនាកម្មករលោកស្រី កេន ឆេងឡាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីភាគីពាក់ព័ន្ធ ដែលជាកត្ដាចម្បងឈានទៅដល់ការអនុវត្ដគម្រោងប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងធំធេង សម្រាប់កម្មករនិយយោជិត ដែលក្រុមគ្រូបង្គោលសម្ព័ន្ធសហជីពចលនាកម្មករ បានចុះបណ្ដុះបណ្ដាលនៅតាមមូលដ្ឋារោងចក្ររបស់ពួកគាត់។
លោកស្រីបានសម្ដែងការអគុណចំពោះអង្គការឃែរ ដែលបានជ្រើសរើសយកសម្ព័ន្ធសហជីពចលនាកម្មករ ជាដៃគូក្នុងការអនុវត្ដគម្រោងនេះ ដោយបានផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅកាន់កម្មករនិយោជិត ហើយបើទោះជាការអនុវត្ដគម្រោងនាពេលកន្លងមកមានការជួបប្រទះបញ្ហាមួយចំនួន ប៉ុន្ដែ (CUMW) នៅតែអាចអនុវត្ដគម្រោងប្រកបដោយភាពជោគជ័យ និងលើសពីផែនការដែលបានដាក់ជូនដោយអង្គការឃែរ។
លោក សុខ សុមិត្ដ តំណាងក្រុមវាយតម្លៃគម្រោង បានលើកឡើងថា ការអនុវត្ដគម្រោងនាពេលកន្លងមក ទទួលបានលទ្ធផល ៧៦,៤ភាគរយ បើទោះជាគម្រោងមានរយៈពេលខ្លី ប៉ុន្ដែអាចទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ហើយការយល់ដឹងរបស់កម្មករនិយោជិតលើប្រធានបទកិច្ចគាំពារសង្គម ការបៀតបៀនផ្អែកលើយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ មានកម្រិតប្រហាក់ប្រហែលគ្នា។
លោកបន្ដថា តាមរយៈការចុះសម្ភាសន៍ផ្ទាល់ជាមួយកម្មករនិយោជិតទាំងតាមប្រព័ន្ធទូរស័ព្ទ និងក្នុងមូលដ្ឋានរោងចក្រ កម្មករកម្មការិនី បានយល់ឃើញដូចគ្នាថា ប្រធានបទទាំង៣ ខាងលើនេះពិតជាមានសារសំខាន់ និងអត្ថប្រយោជន៍ដូចគ្នា ដោយឃើញថា មានការផ្លាស់ប្ដូរឥរិយាបទនៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ ជាពិសេសបានជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងការបៀតបៀននៅកន្លែងការងារ ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា បើទោះជាបញ្ចប់ការអនុវត្ដគម្រោងបង្កើតដោយស្រ្តីយ៉ាងណាក្ដី ប៉ុន្ដែចលនាសហជីព មិនបានបញ្ចប់នោះទេ ពោលគឺការបន្ដបណ្ដុះបណ្ដាលរបស់សម្ព័ន្ធសហជីពចលនាកម្មករនៅតែបន្ដផ្ដល់ជូនកម្មករកម្មការិនីនៅគ្រប់មូលដ្ឋានទាំងអស់។
ជាមួយគ្នានេះដែរលោក បានអំពាវនាវឲ្យអង្គការឃែរកម្ពុជា ធ្វើយ៉ាងណាបន្ដគម្រោងដែលមានអត្ថប្រយោជន៍នេះឲ្យកាន់តែមាននិរន្ដរភាពបន្ថែមទៀត ពីព្រោះថា តាមរយៈគម្រោងនេះវាពិតជាមានសារៈសំខាន់បំផុត ដោយបានផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅកាន់កម្មករនិយោជិត។
ក្រោមកិច្ចសហការជាមួយ អង្គការឃែរ និងមានការឧត្ថម្ភពីម្ចាស់ម៉ាកយីហោ Lululemon សម្ព័ន្ធសហជីពចលនាកម្មករ បានបន្ដចែករំលែកចំណេះដឹងទៅកាន់កម្មករនិយោជិតនៅថ្នាក់មូលដ្ឋាន ធ្វើយ៉ាងណាបង្កើនការយល់ដឹង ស្ដីពីកិច្ចគាំពារសង្គម ការបៀតបៀនផ្អែកលើយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ក្នុងរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ប្រធានបទកិច្ចគាំពាសង្គម ការបៀតបៀនផ្អែកលើយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់កម្មករនិយោជិតនៅកម្ពុជាក្នុងពេលដែលពិភពលោកជួបប្រទះនូវវិបត្ដិជំងឺកូវីដ-១៩ និងបច្ចុប្បន្ននេះ ដើម្បីយកទៅបំពេញបន្ថែម និងដោះស្រាយបញ្ហាដែលកំពុងតែកើតមានក្នុងកិច្ចការងារ និងការរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា សម្ព័ន្ធសហជីពចលនាកម្មករ ជាអង្គការវិជ្ជាជីវៈមួយ ដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត បានសហការជាមួយ អង្គការឃែរ ដើម្បីធ្វើការបណ្ដុះបណ្ដាលដល់កម្មករនិយោជិតប្រមាណជាង ២៥០០នាក់ក្រោមប្រធានបទសំខាន់ៗទាំង ៣ខាងលើនេះ៕