ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ការព្យាយាមកំទេចសហជីព ឯករាជ្យ ពីសំណាក់ភាគីនិយោជក គឺពុំបានផ្តល់នូវផលចំណេញដល់ក្រុមហ៊ុននោះឡើយ មានតែធ្វើឲ្យកេរត្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែអាក្រក់។
ការលើកឡើងរបស់លោក ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសហជីព ៣ រូប ក្នុងចំណោមសមាជិកជាង ១០រូប ត្រូវបានក្រុមហ៊ុនផលិតកាបូប Jun Yip International Cambodia ស្ងិតនៅភូមិអង្គសុគន្ធា ឃុំមហាឬស្ស៊ី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដែលផលិតឲ្យក្រុមហ៊ុនបញ្ជាទិញ Fossil បញ្ឈប់ពីការងារ ក្រោយពីបោះឆ្នោតបង្កើតសហជីព។
លោក ប៉ាវ ស៊ីណា បានបន្ដថា ថ្នាក់ដឹកនាំសហជីព ៣ រូប ក្នុងចំណោមសមាជិកជាង ១០រូប ត្រូវបានក្រុមហ៊ុនផលិតកាបូប Jun Yip International Cambodia បញ្ឈប់ពីការងារ ហើយអ្នកដែលនៅសេសសល់ ប៉ុន្មាននាក់ទៀត ពួកគាត់ដឹងច្បាស់ថា ក្រុមហ៊ុននឹងបញ្ឈប់ពួកគាត់ដូចគ្នា តែបងប្អូនមិនរាថយឡើយ ។
លោក បានបញ្ជាក់ថា "ខ្ញុំពិតជាស្ញប់ស្ញែង ចំពោះភាពក្លាហាន និង ឆន្ទៈ របស់ បងប្អូនខ្លាំងណាស់ ។ សម្ព័ន្ធសហជីពចលនាកម្មករ នឹងប្រឹងប្រែងអោយអស់លទ្ធភាព ក្នុងការទាមទារអោយក្រុមហ៊ុនទទួលយកបងប្អូន ចូលធ្វើការងារវិញ" ។
លោកបានបញ្ជាក់បន្ថែមថា "ការព្យាយាមកំទេចសហជីព ឯករាជ្យ ពីសំណាក់ភាគីនិយោជក គឺពុំបានផ្តល់នូវផលចំណេញដល់ក្រុមហ៊ុន នោះឡើយ ផ្ទុយទៅវិញ វាធ្វើឲ្យកេរត្ដិយឈ្មោះក្រុមហ៊ុនកាន់តែអាក្រក់ ហើយប្រឈម និងការដកការបញ្ជាទិញពីសំណាក់ក្រុមហ៊ុន បញ្ជាទិញទៀតផង"៕