LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

26/09/2023

សម្ព័ន្ធសហជីពចលនាកម្មករ បើកកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំ និងបុគ្គលិក ជុំវិញការអនុវត្ដគម្រោងបង្កើតដោយស្រ្តី

ភ្នំពេញ៖ សម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះបានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ជុំវិញការអនុវត្ដគម្រោងបង្កើតដោយស្រ្តី ដើម្បីពង្រឹងភាពធន ផ្នែកសេដ្ឋកិច្ចរបស់កម្មការិនីកាត់ដេរ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃ ចំពោះការអនុវត្ដគម្រោងក្នុងរយៈពេល ១ខែកន្លងមក។

សម្ព័ន្ធសហជីពចលនាកម្មករ កាលពីងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយអង្គការឃែរកម្ពុជា អនុវត្តគម្រោងបង្កើតដោយស្ត្រី ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចកម្មការីនីកាត់ដេរ ក្នុងកំឡុងពេលកូវីដ-១៩ ដោយបានចាប់ផ្តើមអនុវត្ត ក្រោមជំនួយពីម្ចាស់ម៉ាកយីហោ Lululemon។

តាមរយៈការអនុវត្ដគម្រោងរយៈពេល ១០ខែកន្លងមក និងឈានដល់ចុងបញ្ចប់នៃគម្រោង សម្ព័ន្ធសហជីពចលនាកម្មករ សម្រេចបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ និងការឆ្លុះបញ្ចាំងពីការអនុវត្តន៍កន្លងមក ក៏ដូចជាបង្ហាញលទ្ធផលពីការអនុវត្តន៍ផែនការសកម្មភាពគម្រោងរយៈពេល ១០ខែដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ខ្លួន។

គួរបញ្ជាក់ថា សម្ព័ន្ធសហជីពចលនាកម្មករ ជាអង្គការវិជ្ជាជីវៈមួយ ដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត បានសហការជាមួយអង្គការឃែរ ដើម្បីធ្វើការបណ្ដុះបណ្ដាលដល់កម្មករនិយោជិតប្រមាណ ២៥០០នាក់ក្រោ មប្រធានបទសំខាន់ៗចំនួន ៣រួមមាន កិច្ចគាំពាសង្គម ការបៀតបៀនផ្អែកលើយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលប្រធានបទទាំង ៣នេះពិតជាមានសារៈសំខាន់ សម្រាប់កម្មករនិយោជិត ដើម្បីយកទៅបំពេញបន្ថែម និងដោះស្រាយបញ្ហាដែលកំពុងតែកើតមានក្នុងកិច្ចការងារ និងការរស់នៅប្រចាំថ្ងៃ។

តាមរយៈគម្រោងបង្កើតដោយស្រ្តី ជាពិសេសប្រធានបទទាំង ៣ខាងលើនេះ ថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជាមិត្ដអប់រំមិត្ដ បានវាយតម្លខ្ពស់ចំពោះលទ្ធផលនៃការអនុវត្ដគម្រោងនាពេលកន្លង ដោយគេសង្កេតឃើញថា តាមរយៈគម្រោងនេះ បានផ្លាស់ប្ដូរឥរិយាបថរបស់ថៅកែរោងចក្រ ជាពិសេសកម្មករនិយោជិត បានស្វែងយល់កាន់តែច្បាស់ ជុំវិញការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ប័ណ្ណ ប.ស.ស.ហើយទម្រង់នៃអំពើហិង្សានៅក្នុងពិភពការងារ ត្រូវបានកាត់បន្ថយឆ្ពោះទៅរកការអនុវត្ដលក្ខខណ្ឌការងារដ៏ល្អប្រសើរមួយ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុ ដោយកម្មករនិយោជិត បានយកចំណេះដឹងទាំងនេះ ទៅអនុវត្ដនៅកន្លែងការងាររបស់ពួកគាត់ និងជីវិតរស់នៅប្រចាំថ្ងៃ។

នៅក្នុងកិច្ចប្រជុំនេះដែរប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានជំរុញឲ្យបុគ្គលិកក្រោមឱវាទ ធ្វើយ៉ាងណាបង្កើនចំណេះដឹង និងអភិវឌ្ឍខ្លួនឲ្យស្របទៅតាមទស្សនវិស័យ និងបេសកកម្ម ដែលមានចែងនៅក្នុងស្ថាប័ន “ការកសាងចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកទាំងអស់គ្នា គឺពិតជាបានឆ្លើបតបទៅនឹងអ្វីដែលជា បេសកកម្មរបស់យើង ប្រសិនបើយើងទាំងអស់គ្នាអង្គុយនៅទីនេះ ហើយយើងទាំងអស់គ្នា គ្មានការអភិវឌ្ឍសមត្ថភាព និងសកម្មភាពការងារទេនោះ យើងនឹងនៅតែសហជីពមួយ ដែលគ្មានការប្រកួតប្រជែងនោះទេ”។

លោកបន្ដថា “ចឹងដើម្បីឲ្យសហជីពយើងដើរទៅមុខបាន លុះត្រាតែអ្នកទាំងអស់គ្នា បង្កើនការយល់ដឹង បង្កើនសមត្ថភាព” ក្នុងនោះលោកបានជំរុញឲ្យបុគ្គលិករបស់សម្ព័ន្ធសហជីពចលានកម្មករទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹង កុំធ្វើជាបុគ្គលទឹកពេញកែវ ដែលមានន័យថា កុំធ្វើជាមនុស្សចេះដឹងគ្រប់យ៉ាង ត្រូវដាក់ចិត្ដរៀនសូត្រចំណេះដឹងថ្មី ដើម្បីអភិវឌ្ឍខ្លួនឯង និងស្ថាប័ន៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram