LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

17/08/2023

CUMW-CARE បើកវគ្គរំលឹកមិត្ដអប់រំមិត្ដ

ភ្នំពេញ៖ សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) និងអង្គការឃែរ (CARE) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះបានរួមគ្នាបើកវគ្គរំលឹកមិត្ដអប់រំមិត្ដ ជុំវិញការអនុវត្ដការផ្ទេរចំណេះដឹងដែលធ្លាប់ទទួលបានកន្លងពីវគ្គបណ្ដុះបណ្ដាល និងចូលរួមសិក្សាស្វែងយល់លើប្រធានបទថ្មីមួយចំនួនទៀត ស្ថិតនៅសណ្ឋាគារពូឡូវ៉ៃ ភ្នំពេញ។

សមាជិកមិត្ដអប់រំមិត្ដដែលបានចូលរួមក្នុងវគ្គរំលឹកនាថ្ងៃនេះមានចំនួន ២៤រូប និងបានធ្វើការផ្លាស់ប្ដូរមតិ ព្រមទាំងចែករំលែក និងបទពិសោធន៍ ដែលទទួលបាននាពេលកន្លងមកយ៉ាងស្វិតស្វាញ លើបញ្ហា និងដំណោះស្រាយ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។

សមាជិកចូលរួមទទួលបានការរំលឹកឡើងវិញនូវប្រធានបទដែលមានសិក្សា និងអនុវត្ដផ្ទាល់នាពេលកន្លងមករួមមាន កិច្ចគាំពារសង្គម អំពើហិង្សាផ្អែកលើយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរសមាជិក ក៏ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដូចជាភាពជាអ្នកដឹកនាំ និងការដោះស្រាយវិវាទជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតីនៃវគ្គរំលឹកសមាជិកមិត្ដមិត្ដអប់រំមិត្ដនេះដែរ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានផ្ដាំផ្ញើទៅកាន់អ្នកចូលរួមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំសហជីពថ្នាក់មូលដ្ឋានគ្រប់រូបថា ការដោះស្រាយបញ្ហារបស់កម្មករនិយោជិតនៅក្នុងកម្រិតមូលដ្ឋានជារឿងមួយដែលសំខាន់ ហើយសមាជិកទាំងអស់ចាំបាច់ត្រូវយកចំណេះដឹងដែលបានរៀនសូត្រកន្លងមក ទៅចែករំលែកបន្ដទៅកាន់ថ្នាក់មូលដ្ឋានរបស់ខ្លួន ដើម្បីជាប្រយោជន៍សម្រាប់កម្មករទាំងអស់គ្នា។

លោកបន្ដថា សម្ព័ន្ធសហជីពចលនាកម្មករ តែងតែព្យាយាមស្វែងរកអង្គការដៃគូ ធ្វើយ៉ាងសំដៅដល់ការអភិវឌ្ឃសមត្ថភាពចំណេះដឹង និងសមត្ថភាពរបស់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ហើយកម្មករនិយោជិតទាំងអស់គ្នា ក៏គួរត្រូវចូលរួមក្នុងចលនាសហជីព ដើម្បីសិក្សាស្វែងយល់ និងទទួលបានការការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្រប់ច្បាប់របស់ពួកគាត់។

លោក ប៉ាវ ស៊ីណា បានបន្ថែមថា ពាក់ព័ន្ធនឹងវិវាទការងារ គឺជារឿងដែលកំពុងកើតឡើងប្រចាំថ្ងៃនៅក្នុងមជ្ឈដ្ឋានទូទៅនៅថ្នាក់មូលដ្ឋាន ហើយក៏ទាមទារឲ្យមានការដោះស្រាយជាប្រចាំ ដើម្បីការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ ពីការកេងប្រវ័ញដោយក្រុមនិយោជក ដោយលោកបញ្ជាក់ថា “ក្នុងនាមជាថ្នាក់ដឹកនាំសហជីព យើងមិនត្រូវមានការនឿយហត់ ក្នុងការដោះស្រាយបញ្ហារបស់កម្មករ នៅពេលដែលពួកគាត់មានបញ្ហា ហើយស្វែងរកជំនួយពីយើង”៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram