LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

13/07/2023

ថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំនៅរោងចក្រ ហបឡុក ត្រូវបានបណ្ដេញចេញពីការងារ ក្រោយបោះឆ្នោតបង្កើតសហជីព

ភ្នំពេញ៖ ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំនៅរោងចក្រ ហបឡុក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ត្រូវបានភាគីនិយោជកបណ្ដេញចេញពីការងារ ក្រោយពីបានបោះឆ្នោតបង្កើតសហជីពនៅរោងចក្រ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ស្បច្បាប់របស់កម្មករនិយោជិត ជាពិសេសក្នុងការកែលម្អលក្ខណ្ឌការងារនៅក្នុងរោងចក្រឲ្យកាន់តែប្រសើរឡើង ស្របតាមនីតិវិធីច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ ILO ។

កាលពីថ្ងៃទី០៨ ខែកក្កដា កម្មករកម្មការិនីចំនួន ១៦នាក់ បានស្ម័គ្រចិត្ដរួមគ្នាបោះឆ្នោតបង្កើតសហជីពនៅក្នុងរោងចក្រ ហបឡុក ដែលមានលោក យ៉ន វណ្ណៈ ជាប្រធាន ក្រោយពីបានបោះឆ្នោតរួច និងបានជូនដំណឹងទៅកាន់រោងចក្រស្ដីពីការបង្កើតសហជីព ភ្លាមនោះត្រូវបានរដ្ឋបាលរោងចក្រកោះហៅទៅគំរាមកំហែងឲ្យលាឈប់ពីសហជីព ប៉ុន្ដែដោយសារតែភាពសាមគ្គី ក៏មិនមានបុគ្គលណាម្នាក់យល់ព្រមឡើយ ហើយក្រោយមកភាគីរោងចក្របានប្ដូរយុទ្ធសាស្រ្តបំបែកដោយកោះហៅស្ថាបនិកសហជីពម្ដងម្នាក់ៗទៅគំរាមកំហែងគ្រប់រូបភាព ឲ្យលាឈប់ពីសហជីព ដោយគំរាមថា ប្រសិនបើមិនយល់ព្រម ពួកគេនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួនពីសមត្ថកិច្ច បន្ទាប់ពីទទួលរងនូវគំរាមកំហែងដ៏ធ្ងន់ធ្ងរពីសំណាក់រដ្ឋបាល ស្ថាបនិកសហជីពចំនួន ១៥នាក់ បានបង្ខំចិត្តលាលែង ដោយសារការភ័យខ្លាចពីសុវត្ថិភាព ។

វាជារឿងមួយដែលបន្ដកើតឡើងដដែលៗ ចំពោះការរើសអើសប្រឆាំងនឹងសេរីភាពនៃការបង្កើតសហជីព ដោយការបណ្ដេញឬបញ្ចប់កិច្ចសន្យាការងារ ថ្នាក់ដឹកនាំនិងសកម្មជនសហជីព ចេញពីការងារទាំងកំរោល ហើយចំពោះរឿងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងថា វាហាក់នៅតែជាដំបៅមហារីកដ៏កាចហាវមួយ ដែលមិនទាន់មានថ្នាំស័កសិទ្ធណាមួយព្យាបាលជាសះស្បើយនៅឡើយទេ ។

ប្រធានសហជីពចលនាកម្មករថ្នាក់មូលដ្ឋានប្រចាំរោងចក្រ ហបឡុង លោក យ៉ន វណ្ណៈ ដែលត្រូវបានបណ្ដេញចេញពីការងារទាំងកំរោល បានឲ្យដឹងតាមរយៈការហៅទូរស័ព្ទថា ភាគីរោងចក្រ បានគំរាមប្រើប្រាស់កម្លាំងសមត្ថកិច្ចចាប់ខ្លួនរូបលោក និងសកម្មជនផ្សេងទៀត ប្រសិនបើមិនព្រមដកខ្លួនពីសហជីព។

លោក យ៉ន វណ្ណៈ បានលើកឡើងថា ការដែលរូបលោកស្ម័គ្រចិត្ដបង្កើតសហជីព គឺដោយសារតែលោកមើលឃើញថា ភាគីរោងចក្រតែងតែគាបសង្កើត បិទសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាពិសេសលក្ខណ្ឌការងារនៅក្នុងរោងចក្រ គឺកាន់តែអាក្រក់ទៅៗ។ លោក វណ្ណៈ បញ្ជាក់ថា ដើម្បីការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់កម្មករទាំងអស់គ្នាលោកគ្មានការរាថយឡើង “ខ្ញុំនៅតែតស៊ូរហូត ដើម្បីប្រយោជន៍កម្មករ ខ្ញុំអត់ថយក្រោយនោះទេ ខ្ញុំត្រូវតែទៅមុខទៀត”។

នៅក្នុងនោះដែរលោក ប៉ាវ ស៊ីណា បានជំរុញឲ្យក្រសួងការងារ យ៉ាងណាចាត់មន្រ្តីជំនាញ ដើម្បីចុះត្រួតពិនិត្យ និងដាក់សម្ពាធ ក៏ដូចជាចាត់វិធានការជាក់លាក់ទៅលើរោងចក្រទាំងឡាយណា ដែលបាននិងកំពុងរំលោភសិទ្ធិសេរីភាពរបស់កម្មករនៅក្នុងការបង្កើតសហជីព ដែលជាសិទ្ធិត្រូវបានធានាដោយច្បាប់។

លោកបានលើកឡើងថា សម្ព័ន្ធសហជីពចលនាកម្មករ ពិតជាមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់រោងចក្រ ហបឡុក ដែលជារោងចក្រផ្គត់ផ្គង់ឲ្យក្រុមហ៊ុនបញ្ជាទិញ Levi, VFC, JCP បាននិងកំពុងបង្ហាញយ៉ាងច្បាស់ ពីការរើសអើងប្រឆាំងនឹងសេរីភាព ក្នុងការបង្កើតសហជីពរបស់កម្មករ ដែលផ្ទុយពីច្បាប់ ស្តីពីការងារ ត្រង់មាត្រា ២៦៦ សិទ្ធិក្នុងការបង្កើតសហជីព និងមាត្រា២៧៩ ការការពារសេរីភាពសហជីព ។ ហើយច្បាប់ស្តីពីសហជីព ក៏បានចែងផងដែរ ត្រង់មាត្រា ៥ សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត ក្នុងការបង្កើត និងចូលរួមនៅក្នុងសហជីព ហើយមាត្រា ៤៣ ច្បាប់ស្តីពីសហជីព ត្រង់កឋាខណ្ឌទី១ វាក្យខណ្ឌទី១ បានចែងថា រាល់ការបញ្ឈប់ប្រតិភូបុគ្គលិក ឬការបញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់ខ្លួនអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារ ទន្ទឹមនេះ មាត្រា ៦៧ ច្បាប់ស្តីពីសហជីព ត្រង់កឋាខណ្ឌទី១ វាក្យខណ្ឌទី១ បានចែងថា កម្មករ និយោជិតទាំងអស់ ដែលជាបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីពទទួលបាននូវការការពារពីការរងគ្រោះ និងការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ ព្រមទាំង រំលោភបំពានកាន់តែធ្ងន់ធ្ងរលើអនុសញ្ញាលេខ ៨៧ និង ៩៨ របស់ អង្គការអន្តរជាតិខាងការងារ ILO ដែលកម្ពុជាបានផ្តល់សច្ចាប័នផងដែរ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2026 Collective Union of Movement of Workers. CUMW.
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram