LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

09/07/2023

លោក ប៉ាវ ស៊ីណា ចុះជួបថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំនៅផ្លូវជាតិលេខ៣ និងសមាជិកសមាគម ប្រមាណជិត ២០០នាក់

តាកែវ៖ ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ នេះបានចុះជួបថ្នាក់ដឹកនាំសហជីពមូលដ្ឋាននៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្ដតាកែវ និងកំពង់ស្ពឺ ស្ថិតនៅក្នុងទីតាំងមន្ទីរស្រាវជ្រាវ និងបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ក៏ដូចជាសមាជិកសមាគម ដែលជាអ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជិត ២០០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយ និងអបរំបន្ថែមទៅលើចំណេះដឹង ស្ដីពីច្បាប់ចរាចរណ៍ និងការបើកបរនៅលើដងផ្លូវសាធារណៈ ក្រោមកិច្ចសហការជាមួយអង្គការបង្ការបួសអាស៊ី (AIP)។

តំណាងអង្គការ AIP បានឲ្យដឹងថា គ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈគ្មាននរណាម្នាក់អាចដឹងជាមុនបាននោះទេ ហើយវាជារឿងមួយគួរឲ្យតក់ស្លុតបំផុតនៅពេលដែលក្រុមគ្រួសារ បងប្អូនសាច់ញាតិ បានទទួលដំណឹងថា មានគ្រោះថ្នាក់លើសមាជិកណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ ដែលនោះជារឿងមួយ ដែលអ្នកទាំងអស់គ្នាមិនអាចទទួលយកបាន។

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាលោក ព្រំ ប៊ុនថន បានផ្ដាំផ្ញើទៅកាន់អ្នកចូលរួមផងដែរថា អ្នកបើកបរនៅលើដងផ្លូវសាធារណៈ គួរចេះអធ្យាស្រ័យគ្នាក្នុងការបើកបរ ដែលជាកត្ដាធំមួយ អាចជួយឲ្យយើងកាត់បន្ថយច្រើន ចំពោះគ្រោះថ្នាក់នៅលើដងផ្លូវ ដោយសារតែភាគច្រើននៃគ្រោះថ្នាក់ គឺកើតឡើងដោយសារតែកត្ដាមនុស្ស ដែលបើកបរមិនចេះយោគយល់គ្នា ការមិនបានសិក្សាស្វែងយល់ពីច្បាប់ស្ដីពីចរាចរណ៍។

លោក បានលើកឡើងថា “បងប្អូនភាគច្រើនបើកបរនៅលើដងផ្លូវមិនចេះគោរពសិទ្ធិគ្នានោះទេ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនបើកបររថយន្ដដឹកកម្មករ ត្រូវចេះគោរពសិទ្ធិគ្នា ការធ្វេសប្រហែសរបស់បងប្អូនតែបន្ដិច វាជាការសោកស្ដាយអ្នកគ្រប់គ្នា ដែលគេផ្ញើអាយុជីវិតនៅលើអ្នកបើកបរ សូមបងប្អូនពិចារណាឡើងវិញ”។ លោកបន្ដថា សមាគមរបស់លោក រីករាយក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលទៅកាន់សមាជិក ស្ដីពីក្រមសីលធម៌ ច្បាប់ចរាចរណ៍ និងការបើកបរនៅលើដងផ្លូវ ធ្វើយ៉ាងណាកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់នៅលើដងផ្លូវ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពមូលដ្ឋាន និងសមាជិកសមាគម លោក ប៉ាវ ស៊ីណា បានលើកឡើងថា ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគេដាក់រហ័សនាមថា ជាឃាតករលាក់មុខ។ លោកថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងលើកម្មករនិយោជិតក្នុងឆ្នាំ២០២២ មានរហូតដល់ជិត ៨០០០ករណី និងគ្រោះថ្នាក់ការងារជាង ៧០០០ករណីទៀត ដែលតួលេខនេះមិនបានបូកបញ្ជូលទាំងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសផង។

លោកបន្ដថា គ្រោះថ្នាក់ចរាចរណ៍ គឺជាក្ដីកង្វល់ធំរបស់ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នជាតិ ដែលត្រូវរិះរកគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ករណីនេះ បច្ចុប្បន្នស្ថាប័នជាតិ កំពុងសិក្សាកែតម្រូវ និងតាក់តែងច្បាប់ស្ដីពីការបើកបរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគោរពច្បាប់ និងមានវិធានការជាច្រើនទៀត ក៏ដូចជាការផាកពិន័យជាដើម ដែលយើងសង្កេតឃើញថា មានការមិនពេញចិត្ដពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្ដែជាក់ស្ដែងវិធានការទាំងនោះ គឺធ្វើឡើងដើម្បីតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់គ្នាតែប៉ុណ្ណោះ។

បើតោះជាយ៉ាងណាក្ដីលោក ប៉ាវ ស៊ីណា ក៏បានសម្ដែងការមិនគាំទ្រដូចគ្នាចំពោះមន្រ្តីអនុវត្ដច្បាប់ចរាចរណ៍ ដែលយកដងផ្លូវសាធារៈធ្វើជាអាជីវកម្មរកស៊ីផ្ទាល់ខ្លួន ហើយជាក់ស្ដែងការធ្វើបែបនេះ មិនបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ហើយទង្វើបែបនេះហើយ ដែលវាធ្វើឲ្យបាត់បង់ក្រមសីលធម៌របស់សមត្ថកិច្ចអនុវត្ដច្បាប់ បើទោះបីជាលោកមិនបានសំដៅដល់មន្រ្តីអនុវត្ដច្បាប់នៅទូទាំងប្រទេស ដែលបំពេញការងារតាមក្រមវិជ្ជាជីវៈក៏ដោយ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram