LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

07/07/2023

UPDATE: រដ្ឋបាលរោងចក្រស្ដារីត ២រូបត្រូវបាននាយកក្រុមហ៊ុនបញ្ឈប់ពីការងារ ក្រោយរកឃើញថា បានកាត់ប្រាក់ឧបត្ថមសម្ដេចតេជោ ដល់កម្មការិនីមានផ្ទៃពោះ

ភ្នំពេញ៖ ក្រោយពីមានដំណោះស្រាយរវាងភាគីពាក់ព័ន្ធ ជុំវិញករណីរដ្ឋបាលរោងចក្រស្ដារីត ២នាក់ដែលឃុបឃិតគ្នាកាត់ប្រាក់ឧបត្ថមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដល់ស្ដ្រីមានផ្ទៃពោះកាលពីពេលថ្មីៗនេះ រដ្ឋបាលរោងចក្រទាំង ២នាក់ខាងលើនេះ ត្រូវបានអនុវត្ដតាមបទបញ្ជារបស់រោងចក្រ ដោយត្រូវបានបញ្ឈប់ពីការងារ ហើយប្រាក់ឧបត្ថមដែលត្រូវបានកាត់យកនោះ ក៏ត្រូវប្រគល់ឲ្យកម្មការិនីវិញអស់ហើយដែរ។

Original Story: Workers, 3-Months Pregnant at STARITE Factory, Received a Deduction of $100 from Samdech Techo

កណ្ដាល៖ កម្មការិនី ដែលមានផ្ទៃពោះត្រឹម ៣ខែបម្រើការងារនៅក្នុងរោងចក្រ ស្ដារីត (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ត្រូវបានរដ្ឋបាលរោងចក្រកាត់ប្រាក់ឧបត្ថមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងម្នាក់ៗ ១០០ដុល្លារ ដែលពួកគាត់ម្នាក់ៗទទួលបានប្រាក់ឧបត្ថមសរុបចំនួន ២០០ដុល្លារ ក្នុងពេលជួបសំណេះសំណាលជាមួយនឹងសម្ដេចតេជោ ក្នុងស្រុកអង្គស្នួល កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។

ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន នៃសម្ព័ន្ធសហជីពចលនាកម្មករលោក រតនា បានឲ្យដឹងដោយដកស្រង់សម្ដីពីជនរងគ្រោះថា ដំបូងឡើយខាងរដ្ឋបាលរោងចក្រទាមទារកាត់ប្រាក់ឧបត្ថមពីសម្ដេចតេជោរបស់កម្មការិនី ដែលមានផ្ទៃពោះត្រឹម ៣ខែក្នុងម្នាក់ៗ ១០០ដុល្លារ ដោយយកលេសថា ជាថ្នូរនឹងការរៀបចំឈ្មោះ ដើម្បីចូលជួបសម្ដេចពីមន្រ្តីរៀបចំខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មការិនីរងគ្រោះពីការកាត់ប្រាក់ឧបត្ថមនេះរួមមាន៖ ឈ្មោះ គឺល គឹន, ឆន ស្រីលា, នួន ចន្ទ្រា ស្ថិតក្នុងចំណោមកម្មការិនីជាង ១០នាក់ ដែលទទួលបានប្រាក់ឧបត្ថមពីសម្ដេចតេជោ សរុបចំនួន ២០០ដុល្លារក្នុងម្នាក់ៗ ហើយនៅពេលដែលត្រឡប់ចូលធ្វើការងារវិញ ក៏ត្រូវបានខាងរដ្ឋបាលទាមទារកាត់ប្រាក់ខាងលើនេះតែម្ដង ដែលគ្មានហេតុផលសមស្របណាមួយចំពោះការធ្វើបែបនេះទេ ហើយរូបភាពបែបនេះ គឺពិតជាអាក្រក់ មិនគួរកើតមាននៅក្នុងរោងចក្រនោះទេ ជាពិសេសសម្រាប់តួនាទីប្រធានរដ្ឋបាលរោងចក្រ ដែលជាអ្នករៀនសូត្របានខ្ពង់ខ្ពស់។

កម្មការិនីរងគ្រោះពីការកាត់ប្រាក់ឧបត្ថមនេះឈ្មោះ គឺល គឹន បានថ្លែងប្រាប់សម្ព័ន្ធសហជីពចលនាកម្មករឲ្យដឹងថា “ខ្ញុំបានយកប្រដាសពិនិត្យផ្ទៃពោះទៅដាក់នៅកន្លែងរដ្ឋបាល កាលពីថ្ងៃអង្គារ មុនពេលជួបសម្ដេចតេជោ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ខាងរដ្ឋបាលនិយាយថា ប្អូនមិនបានទទួលប្រាក់ឧបត្ថម ២០០ដុល្លារ ដែលសម្ដេចឲ្យនោះទេ ពីព្រោះពួកខ្ញុំ (រដ្ឋបាល) បានបញ្ជូនឈ្មោះអ្នកមានផ្ទៃពោះទៅអស់ហើយ រហូតដល់ម៉ោង ៣រសៀលថ្ងៃដដែល គាត់បានហៅខ្ញុំតែម្នាក់ឯង ទៅយកកាតចេញមុនម៉ោងម្ដងទៀត ដោយបានលើកឡើងថា ឥឡូវនេះលុយ (ប្រាក់ឧបត្ថម) បានតែប្អូនម្នាក់ទេ ប៉ុន្ដែខាងបងត្រូវយក ១០០ដុល្លារ ពេលទទួលលុយពីសម្ដេចបានហើយ ត្រូវយកមកឲ្យបង ១០០ដុល្លារ”។

ប្អូនស្រី បានលើកឡើងថា “ពេលត្រឡប់មកវិញ ខ្ញុំក៏យល់ព្រមតាមគាត់ (រដ្ឋបាល) ពីព្រោះខ្ញុំគិតថា បើយើងមិនព្រមតាមគាត់ យើងក៏មិនបានលុយហ្នឹងដែរ ១០០ដុល្លារក៏យើងមិនបានដែរ ដោយខាងរដ្ឋបាល បានប្រាប់ថា ខ្ញុំត្រូវបានតែ ២០០០០រៀលទេ” ប៉ុន្ដែដោយប្រាក់ដែលទទួលបាននោះ ត្រូវឲ្យទៅម្ដាយបង់ធនាគារអស់ ទើបកម្មការិនីរូបនេះ បានទៅអង្វរខាងរដ្ឋបាល ដោយអ្នកទាំង ៣នាក់ខាងលើបានរៀបរាប់ពីទុក្ខលំបាក និងបានប្រគល់លុយម្នាក់ៗ ២៥ដុល្លារ និងម្នាក់ទៀត ៣០ដុល្លារតែប៉ុណ្ណោះ។

ដោយមើលឃើញពីការទទួលបានលុយមិនគ្រប់តាមការចង់បានរបស់ខ្លួន ពោលគឺក្នុងម្នាក់ៗត្រូវផ្ដល់ឲ្យខាងរដ្ឋបាល ១០០ដុល្លារ ពួកគេ (រដ្ឋបាល) បានឲ្យដឹងថា លុយនេះ គឺមិនគ្រប់ សម្រាប់មន្រ្តីក្រសួងការងារ គេចែកគ្នានោះទេ ដោយលើកឡើងថា មានមន្រ្តីច្រើនណាស់ ដែលយកលុយនេះទៅចែកគ្នា។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា ចំពោះទង្វើរបស់រដ្ឋបាលរោងចក្រ ស្ដារីត ក្នុងការកាត់ប្រាក់ឧបត្ថមរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការផ្ដល់ជូនកម្មការិនីមានផ្ទៃពោះ វាជារឿងមួយដែលមិនគួរឲ្យកើតមានក្នុងនាមពួកគាត់ដែលជាអ្នកគ្រប់គ្រង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយបែរជាមកប្រព្រឹត្ដិទង្វើដ៏អាក្រក់ ដែលមិនគួរឲ្យគោរពយ៉ាងដូច្នេះ។

ជាទូទៅរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្ដទុកដាក់ លើកម្ពស់ ក៏ដូចជាការគាំពារកម្មការិនីមានផ្ទៃពោះយ៉ាងយកចិត្ដទុកដាក់បំផុត ដោយឡែកទង្វើរបស់រដ្ឋបាលរោងចក្រស្ដារីត ដែលទារប្រាក់ពីកម្មការិនី ដែលទទួលបានការឧបត្ថមពីសម្ដេចតេជោ។ លោក ប៉ាវ ស៊ីណា បានលើកឡើងថា “វាគឺជារឿងមួយដែលមិនគួរត្រូវបានអនុគ្រោះនោះទេ ចំពោះទង្វើនេះ ហើយនាយករោងចក្រផ្ទាល់ត្រូវតែមានវិធានការ ជាពិសេសក្រសួងការងារ ត្រូវពិនិត្យមើលទៅលើរឿងនេះ ដោយសារតែក្រសួងជាស្ថាប័នមួយក្នុងការរៀបចំវេទិការសំណេះសំណាលរបស់សម្ដេចតេជោ ជាមួយកម្មករកម្មការិនី”។

លោកបន្ដថា “ភាគីក្រសួងការងារ ត្រូវតែយកចិត្ដទុកដាក់ ហើយវាជាការធ្វើអោយប៉ះពាល់ខ្លាំងមែនទែន សូម្បីតែប្រាក់ឧបត្ថមរបស់សម្ដេចតេជោទៅដល់កម្មការិនី ក៏ត្រូវបានភាគីរដ្ឋបាលរោងចក្រ ហ៊ានបំពានយ៉ាងធ្ងន់ធ្ងរ ខ្ញុំយល់ថា បុគ្គលរបៀបនេះ មិនគួរត្រូវបានផ្ដល់ឱកាសឲ្យកាន់តួនាទីជារដ្ឋបាលបន្ដទៀតនោះទេ ហើយត្រូវមានវិធានការក្នុងការពិនិត្យមើលជុំវិញកញ្ចប់ថិការ ដែលបុគ្គលនេះកាត់យកពីកម្មការិនីទាំងអស់ ហើយត្រូវសងត្រឡប់ទៅកាន់ពួកគាត់វិញ”។

តាមរយៈបញ្ហានេះដែរ លោកបានអំពាវនាវបន្ថែមថា “ខ្ញុំអំពាវនាវឲ្យកម្មការិនីមានផ្ទៃពោះទាំងអស់ ដែលបម្រើការនៅក្នុងរោងចក្រស្ដារីត ប្រសិនបើមានករណីដូចគ្នានេះ សូមផ្ដល់ព័ត៌មានមកកាន់ខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារសម្ព័ន្ធសហជីពចលនាកម្មករ ដើម្បីពួកយើងអាចជួយដោះស្រាយបញ្ហានេះ ប្រយោជន៍ទប់ស្កាត់កុំឲ្យជនឆ្លៀតឱកាសក្នុងការប្រព្រឹត្ដិទង្វើបង្ខិតបង្ខំកម្មករឲ្យបង់ប្រាក់ជាថ្នូរទៅនឹងការបញ្ជូនឈ្មោះទៅចូលរួមជួបសំណេះសំណាលជាមួយសម្ដេចតេជោ”៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram