
ភ្នំពេញ៖ សហជីពមើលឃើញថា កម្មករនិយោជិត ដែលបម្រើការងារនៅក្នុងវិស័យកាត់ដេរ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់ទទួលបានភាពត្រឹមត្រូវគ្រប់គ្រាន់នៅឡើយទេ បើប្រៀបធៀបទៅនឹងអ្វីដែលនិយោជកទទួលបាន។
បើទោះបីជាបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តដោះស្រាយដោយយកចិត្តទុកដាក់ ហើយប្រកាន់យកភាពត្រឹមត្រូវតាមច្បាប់ទាំងសម្រាប់កម្មករនិយោជិត និងរោងចក្រសហគ្រាសដោយមិនលំអៀង និងបន្តរក្សាអត្ថប្រយោជន៍ជូនភាគីទាំងសងខាង ដែលអាចទទួលយកបាន និងមានភាពសុខដុមក្នុងរោងចក្រដោយផ្អែកទៅតាមច្បាប់ និងបទដ្ឋាននានា។
ស្របពេលជាមួយគ្នានេះ សម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា គម្លាតនៃការទទួលបានភាពត្រឹមត្រូវរវាងភាគីកម្មករនិយោជិត និងនិយោជក នៅតែមិនទាន់ស្មើភាពគ្នានៅឡើយ ដោយកម្មករនិយោជិត នៅតែជាជនរងគ្រោះពីការកេងប្រវ័ញអត្ថប្រយោជន៍ ការបញ្ឈប់ពីការងារ ការប្រើប្រាស់កិច្ចសន្យាខ្លី និងការរឹតត្បិតសិទ្ធិសេរីភាពជាដើម។
ជាក់ស្ដែងសម្ព័ន្ធសហជីពចលនាកម្មករ ទទួលបានករណីជាច្រើន ដូចជាការបញ្ឈប់ស្ដ្រីមានផ្ទៃពោះពីការងារ ការកេងប្រវ័ញអត្ថប្រយោជន៍ ការប្រើប្រាស់កិច្ចសន្យាខ្លី ជាពិសេសការរឹតត្បិតសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងចលនាសហជីពជាដើម។
កត្ដាទាំងនេះ និងការមិនទទួលបានភាពត្រឹមត្រូវស្មើគ្នារវាងភាគីកម្មករនិយោជិត និងនិយោជក នឹងក្លាយជាមូលហេតុចម្បងមួយ ដែលបង្កការរាំងស្ទះដល់ ការសម្រេចបាននូវគោនយោបាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ ដែលរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារកំពុងយកចិត្ដទុកដាក់។
សម្ព័ន្ធសហជីពចលនាកម្មករ នៅតែសង្ឃឹមថា គម្លាតនៃការទទួលបានភាពត្រឹមត្រូវរវាងភាគីទាំងពីរ និងបន្ដទទួលបានការយកចិត្ដដោះស្រាយ ធ្វើយ៉ាងណាដើម្បីសម្រេចបាននូវគោលនយោបាយប្រកបដោយនិរន្ធភាពមួយនេះ៕